ខេត្តកំពត៖ នៅថ្ងៃទី២៥ និង២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទៅប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអញ្ជើញចូលរួមវេទិកាថ្នាក់ខេត្តរបស់ខេត្តកំពត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមសង្កេតការណ៍ពីក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រតិភូក្រុមការងារអន្តរក្រសួង និងប្រតិភូតំណាងរដ្ឋបាលរាជធានី ខេត្តទាំង២៤ ព្រមទាំងឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកំពត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានាក្នុងខេត្តកំពត សរុបប្រមាណ ៦៥០រូប។
វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រៀបចំឡើងក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងដាក់ចេញនូវការតម្រង់ទិស ក្នុងកម្រិតថ្នាក់ខេត្ត ដើម្បីចូលរួមសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
វេទិកានេះត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ មានរយៈពេល ២ថ្ងៃ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០” ។