ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: September 6, 2024

ប្រភព: វគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

ខេត្តសៀមរាប៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារខេមរាអង្គរ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងអង្គការGIZ គ្រូបង្គោល និងសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធការិយាល័យច្រកចេញចូលតែមួយមកពីក្រុង ស្រុក ខណ្ឌគោលដៅចំនួន៩ សរុបចំនួនប្រមាណ៨៧រូប។
វគ្គបណ្តុះបណ្តាលនេះមានរយះពេល១ថ្ងៃ ដោយមានការធ្វើបទបង្ហាញរបស់គ្រូបង្គោលស្តីពី”ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ និងបានឱ្យសិក្ខាកាមអនុវត្តជាក់ស្តែងលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះផងដែរ។
សូមបញ្ចាក់ជូនផងដែលថា កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានកំណត់យកប្រភេទសេវាចំនួន៩ប្រភេទលើវិស័យចំនួន៣ រួមមាន៖
១. ការងារនីត្យានុកូលកម្ម៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
២. ការងារអត្រានុកូលដ្ឋាន៖ សេចក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍និងសេចក្ដីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
៣. វិស័យទេសចរណ៍៖ ការស្នើសុំបើកថ្មីការស្នើសុំបន្តសុពលភាព និងការស្នើសុំប្តូរម្ចាស់ចំពោះអាជីវកម្មផ្ទះសំណាក់ចាប់ពី៨បន្ទប់ចុះក្រោម។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនារសៀលថ្ងៃដដែលនោះ ឯកឧត្តម បួន ហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ របស់សិក្ខាកាម និងការខិតខំពីគ្រូបង្គោល ដែលធ្វើអោយវគ្គបណ្តុះបណ្តាលនេះសម្រេចបានជោគជ័យ។ ជាចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំដល់ក្រុង ស្រុក ខណ្ឌគោលដៅ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ព្រមទាំងត្រូវរៀបចំបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចបញ្ជីការគ្រប់គ្រងចំណូលនៃកម្រៃសេវាអោយបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់។

ព័ត៌មានថ្មីៗ

មតិយោបល់