OWSM
One Window Service Unit
អនុលោមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៣នៃរដ្ឋសភា និងក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសាកល្បងយន្តការផ្តល់សេវារដ្ឋបាល តាមរយៈការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុងបាត់ដំបង និងរដ្ឋបាលក្រុង សៀមរាបនាឆ្នាំ២០០៥ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលមួយចំនួន ដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័ននានាឱ្យមកស្ថិតនៅទីកន្លែងតែមួយ។ គោលបំណងចម្បងនៃការបង្កើតនូវយន្តការនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។
ផ្អែកលើលទ្ធផល និងមេរៀនពិសោធន៍នៃការអនុវត្តសាកល្បងនូវការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុងទាំងពីរនេះ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួង ស្ថាប័នពាក់ ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍ ក្រោមការជួយសម្របសម្រួលរបស់គណៈកម្មាការជាតិសម្រា់កាអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ដើម្បីពង្រីកការិយាល័យច្រកចេញចូលតែមួយទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅផ្សេងៗទៀត។ ជាលទ្ធផល គិតត្រឹមsដំណាច់ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានបង្កើតការិយាល័យនេះសរុបចំនួន៥២ក្រុង ស្រុក ខណ្ឌគោលដៅនៅទូទាំង រាជធានី ខេត្ត។
ការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ ដែលបានបង្កើតនៅតាមក្រុងស្រុក ខណ្ឌគោលដៅនាពេលកន្លងមក បានទទួលការពេញចិត្ត និងជឿទុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គការសង្គមស៊ីវិលនានា ដោយការិយាល័យទាំងនេះបាន និងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។ ជាមួយគ្នានេះដែរ ការិយាល័យច្រកចេញចូលតែមួយបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកទទួលសេវា និងបានរួមចំណែកប្រមូលចំណូលថវិកាជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចូលរួមទប់ស្កាត់នូវអំពើពុករលួយផងដែរ។
យោងទៅទៅតាមលទ្ធផល និងវឌ្ឍនភាពដ៏ល្អប្រសើរខាងលើនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨អនក្រ.បក ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ផ្អែកតាមអនុក្រឹត្យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើតឱ្យមាននូវអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានី ខេត្ត។
អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យ ដែលរួមបញ្ចូលទាំងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរអង្គភាពជំនាញនានៅកន្លែងតែមួយ។ អង្គភាពនេះមានតួនាទីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងក្របខ័ន្ឌសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត តាមនីតិវិធីសាមញ្ញ ប្រកបដោយមនសិកាវិជ្ជាជីវៈ តម្លាភាព គណនេយ្យ និងអាចជឿទុកចិត្តបាន។
អង្គភាពនេះត្រូវបានរៀបចំបង្កើតនៅក្នុងសាលារាជធានី ខេត្ត។ ក្នុងករណីមានភាពមមាញឹកក្នុងការផ្តល់សេវា រដ្ឋបាលរាជធានី ខេត្តអាចរៀបចំឱ្យមានសាខាអង្គភាពច្រកចេញចូលតែមួយដែលសាខានេះអាចមានតែផ្នែកជួរមុខ ឬទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយតាមការចាំបាច់ សម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
អង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំជា២ផ្នែក គឺផ្នែកជួរមុខ និងផ្នែកជួរក្រោយ។
ផ្នែកជួរមុខ គឺជាកន្លែងសម្រាប់ប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទ ដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃសេវា និងទទួលលទ្ធផលសម្រេចជាផ្លូវការនៃសេវារដ្ឋបាល។ ផ្នែកជួរមុខនៃអង្គភាពច្រកចេញចូលតែមួយត្រូវរៀបចំឱ្យមានបញ្ជរដូចខាងក្រោម៖
- បញ្ជរផ្តល់ព័ត៌មាន
- បញ្ជរទទួល-ប្រគល់ឯកសារ
- បញ្ជរបេឡា
ផ្នែកជួរក្រោយ គឺជាកន្លែងពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសលើសំណុំបែបបទនៃការស្នើសុំសេវារដ្ឋបាល។ ផ្នែកជួរក្រោយរួមមានបុគ្គលិកជំនាញបច្ចេកទេសតាមវិស័យនីមួយៗដែលត្រូវបានចាត់តាំងអោយមកបំពេញការងារនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងបុគ្គលិកជំនាញ បច្ចេកទេសដែលត្រូវបានចាត់តាំងនៅតាមមន្ទីរ អង្គភាពសាមីនីមួយៗដើម្បីពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើការផ្តល់សេវារដ្ឋបាល ព្រមទាំងបុគ្គលិកនៃទីចាត់ការ ឬអង្គភាពពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៃរដ្ឋបាលរាជធានីខេត្ត។
មន្ត្រីបច្ចេកទេសជួរក្រោយមិនត្រូវបានអនុញ្ញាតឱ្យជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមកស្នើសុំសេវាឡើយ។ នាពេលបច្ចុប្បន្ននេះ អង្គភាពច្រកចេញចូលតែមួយនៅទូទាំង២៥រាជធានី ខេត្តត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋរួចរាល់ហើយ។ ចង្កោមសេវារដ្ឋបាលដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋរួមមាន១៤វិស័យដូចខាងក្រោម៖
- ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង)
- ការងាររដ្ឋបាល
- វិស័យសុខាភិបាល
- វិស័យទេសចរណ៍
- វិស័យសាធារណការ និងដឹកជញ្ជូន
- វិស័យវប្បធម៌ និងវិចិត្រសិល្បះ
- វិស័យព័ត៌មាន
- វិស័យបរិស្ថាន
- វិស័យឧស្សាហកម្ម និងសិប្បកម្ម
- វិស័យរ៉ែ និងថាមពល
- វិស័យពាណិជ្ជកម្ម
- វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
- វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ