News Detail

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅក្នុងអង្គភាពច្រកចេញចូលតែមួយ

Published Date: August 6, 2024

Resource: OWSO

ខេត្តកំពត៖ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំបូកគោ ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ង៉ាន់ ថារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងដោយមានការចូលរួមពី នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងបុគ្គលិកពាក់ព័ន្ធ សរុបចំនួន ១២០រូប។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ដោយបានផ្តោតខ្លឹមសារលើប្រធានបទសំខាន់ៗចំនួន០៩ រួមមាន ៖
១. គោលការណ៍នៃការផ្តល់សេវាសាធារណៈ និងទស្សនទាននៃការបង្កើតយន្តការច្រកចេញចូលតែមួយ
២. តួនាទី ភារកិច្ច និងនីតិវិធីនៃការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
៣. បដិសណ្ឋារកិច្ចក្នុងការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
៤. វិធីសាស្ត្រ និងដំណើរការរៀបចំផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
៥. ការគ្រប់គ្រងចំណូល និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត
៦.ការគ្រប់គ្រងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
៧.ចរន្តឯកសារនៃកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
៨.ការគ្រប់គ្រងហិរញ្ញវត្ថុនៃកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
៩.ការបោះពុម្ពរបាយការណ៍ប្រចាំថ្ងៃខែឆ្នាំនិងការតាមដានចរន្តនិងការប្រើប្រាស់កម្មវិធីAPPនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងដល់ថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយអំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

ក្នុងនោះដែរ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស្នើឱ្យសិក្ខាកាមទាំងអស់ចូលរួមវគ្គបណ្ដុះបណ្ដាលនេះឱ្យបានពេញលេញ យកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ ចូលរួមចែករំលែកបទពិសោធន៍ និងចោទសួរជាសំណួរនានាឱ្យបានផុលផុស ដើម្បីធានាថា សិក្ខាកាមទាំងអស់អាចយល់ច្បាស់អំពីគោលការណ៍ បែបបទ នីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ។
 

Recently News