រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានចំនួន០៣ គឺនាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ ខេត្ត និងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានជួបប្រជុំពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌសែនសុខ រួមទាំងរដ្ឋបាលសង្កាត់ផ្សារធំថ្មី៣ និងសង្កាត់គោកឃ្លាង ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំកែសម្រួលសៀវភៅណែនាំស្តីពីពានរង្វាន់សេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការរួមបញ្ចូលនូវការងារផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការរបស់ការិយាល័យប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃសុក្រទី៦ ខែកញ្ញា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធលើការងារសេវាសង្គម សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ឯកឧត្តម តាត់ ប៊ុនហេង ទីប្រឹក្សាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការប្រលងប្រណាំង ឬការរៀបចំកម្មវិធីពាន់រង្វាន់ណាមួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ក្នុងការលើកទឹកចិត្តដល់រដ្ឋបាលដែលមានស្នាដៃល្អក្នុងការបំពេញការងារ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ប៉ុន្តែប្រសិនបើយើងមានការប្រលងប្រណាំង ឬរៀបចំកម្មវិធីផ្តល់ពានរង្វាន់ទាំងនេះច្រើនលើកច្រើនសារពេក វាអាចរំខានដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបន្តថា កន្លងមក ក្រសួងមហាផ្ទៃបានដាក់ឱ្យអនុវត្តនូវកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏មានការដាក់អនុវត្តនូវការវាយតម្លៃការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ ចំណែកការងារផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានរៀបចំជាសេចក្តីព្រាងសេចក្តីណែនាំក្នុងការវាយតម្លៃជ្រើសរើសរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ឆ្នើមក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គ្រោងដាក់ឱ្យអនុវត្តផងដែរ ហេតុដូច្នេះហើយដើម្បីកុំអោយមានការប្រលងប្រណាំង ឬការរៀបចំកម្មវិធីផ្តល់ពានរង្វាន់ច្រើនលើកច្រើនសារសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទើបថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ណែនាំឱ្យធ្វើការសិក្សា និងច្របាច់បញ្ចូលគ្នានៅកម្មវិធីទាំងនេះតែមួយ។