News Detail
កិច្ចប្រជុំចាប់ផ្តើមបេសកកម្មបច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
Published Date: June 25, 2024
Resource: OWSO
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មបច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រុមការងារធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Katelijn Van Den Berg ប្រធានក្រុមការងារ និងជាជំនាញការជាន់ខ្ពស់ផ្នែកបរិស្ថាននៃធនាគារពិភពលោក ព្រមទាំងថ្នាក់នាំ និងមន្ត្រីបុគ្គលិកពាក់ព័ន្ធនៃអង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ រួមទាំងអង្គភាពអនុវត្តគម្រោង ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងការចូលរួមតាមប្រព័ន្ធវីឌីអូពីចម្ងាយរបស់តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ៣០រូប។ កិច្ចប្រជុំ ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ១. តាមដានវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងរបស់អង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោង ២. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងដាក់ចេញនូវដំណោះស្រាយចំពោះកត្តារាំងស្ទះ ក្នុងអំឡុងពេលអនុវត្តគម្រោង។ ក្នុងកិច្ចប្រជុំនេះ តំណាងអង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោងបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង រួមទាំងការអនុវត្តកិច្ចលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ នាពេលរសៀលនៃថ្ងៃដដែលផងដែរ ក្រុមការងារបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក និងជួបពិភាក្សាទ្វេរភាគីជាមួយក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលម្អិតលើវឌ្ឍនភាពការងារ ពិភាក្សាការងារដែលបាន និងកំពុងអនុវត្ត ក៏ដូចជាផ្តល់ជូននូវដំណោះស្រាយចំពោះបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។