News Detail
វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌគោលដៅថ្មីចំនួន៣
Published Date: September 18, 2019
Resource: OWSO
ខេត្តកំពង់ចាម៖ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានដឹកនាំក្រុងការងាររៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌគោលដៅថ្មីចំនួន ៣គឺ ការិយាល័យច្រកចេញចូលតែមួយខណ្ឌបឹងកេងកង ខណ្ឌកំបូល និងក្រុងកោះរុង ព្រមទាំងការិយាល័យច្រកចេញចូលតែមួយគោលដៅចាស់ចំនួន២៣។
គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនេះនឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៨ ដល់ថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០១៩នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរង នៃក្រុង ស្រុក ខណ្ឌ ព្រមទាំងប្រធាន អនុប្រធាន មន្ត្រីជួរមុខ មន្រ្តីជួរក្រោយ នៃការិយាល័យច្រកចេញចូលតែមួយ។
គោលបំណងសំខាន់នៃការរៀបវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីពង្រឹងសមត្ថភាពរបស់លោក លោកស្រីជាប្រធានការិយាល័យច្រកចេញចូលតែមួយគោលដៅថ្មីទាំង៣ អាចយល់ដឹងពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារក្នុងការិយាល័យច្រកចេញចូលតែមួយ។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃនេះ មានគ្រូបង្គោលថ្នាក់ជាតិប្រកបដោយបទពិសោធន៍ ដែលផ្តោតលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១. គោលការណ៍នៃការផ្ដល់សេវាសាធារណៈ និងទស្សនទាននៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ
២. តួនាទី ភារកិច្ច និងនីតិវីធីនៃការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ
៣. របៀបរបបធ្វើការងារ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីបំពេញការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ
៤. ការធ្វើបដិសណ្ឋារកិច្ច និងភាពផ្ដល់សេវាកម្មល្អ
៥. ការរៀបចំផែនការ
៦. ការផ្សព្វផ្សាយព័ត៌មាន
៧. និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត