ខេត្តសៀមរាប៖ នារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានសហការជាមួយក្រុមការងារធនាគារពិភពលោក (World Bank) ចុះសិក្សាពិនិត្យទីតាំងទីលានចាក់សំរាម និងពិភាក្សាពិគ្រោះយោបល់ជាមួយតំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ឃុំ ភូមិ និងមន្ទីរពាក់ព័ន្ធ ដោយមានអ្នកចូលរួមចំនួន២៩រូប។
ការចុះសិក្សា និងពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងជា២របៀបវារៈ រួមមាន៖
(១) ការចុះសិក្សា និងស្វែងយល់ដល់ទីតាំងទីលានទុកដាក់សំរាមបច្ចុប្បន្នក្នុងភូមិសាស្ត្រនៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត តំណាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ ប្រធានភូមិ និងតំណាងក្រុមហ៊ុន GAEA និង
(២) ការពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកបាគង និងមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំនៃសាលាខេត្តសៀមរាប ដើម្បីស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅចំពោះកុមារក្រោមអាយុ១៨ឆ្នាំ ដែលរស់នៅជុំវិញ ឬអាស្រ័យផលពីទីលានចាក់សំរាមបច្ចុប្បន្ន។
ជាលទ្ធផល ក្រុមការងារបានពិនិត្យលើយន្តការជាធរមាន ដែលផ្តល់លទ្ធភាពក្នុងការគាំទ្រដល់ជីវភាពរស់នៅចំពោះគ្រួសារក្រីក្រ និងក្មេងក្រោមអាយុ១៨ឆ្នាំដែលរស់នៅជុំវិញ ឬអាស្រ័យផលពីទីលានចាក់សំរាមបច្ចុប្បន្ន និងសិក្សាលើតថភាពជាទូទៅ ដើម្បីធានាឱ្យមានការរស់នៅប្រសើរឡើងនៃប្រជាជន និងធានាដល់និរន្តរភាពនៃការការពារបរិស្ថាន។
ជាចុងក្រោយ ក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រុមការងារធនាគារពិភពលោកនឹងបន្តសហការគ្នាបន្ថែម ដើម្បីស្វះស្វែងរកមធ្យោបាយគាំទ្រដល់គ្រួសារក្រីក្រ និងកុមារក្រោមអាយុ១៨ឆ្នាំ ដែលជាផ្នែកសំខាន់មួយនៃគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។