យន្តការច្រកចេញចូលតែមួយ
ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ 12 ស.ស.រ ចុះថ្ងៃទី3០ ខែមិថុនា ឆ្នាំ 2០០8 ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ 928 ប្រ.ក ចុះថ្ងៃទី12 ខែមិនា ឆ្នាំ2០០9 ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង/ស្រុក/ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង/ស្រុក/ខណ្ឌ មានគោលបំណងសំខាន់ដើម្បីពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង/ស្រុក /ខណ្ឌ ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង/ស្រុក/ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។ បុគ្គលិកបម្រើការងារនូវ ការិយាល័យច្រកចេញចូលតែមួយត្រូវបានបែងចែកជា ២. ផ្នែកគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ បុគ្គលិកនៅផ្នែកជួរក្រោយនេះជាមន្ត្រីបច្ចេកទេសជំនាញពីការិយាល័យនិមួយៗដែលបានផ្ទេរពីការិយាល័យផ្សេងៗ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម និងនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលាដើម្បីពិនិត្យបច្ចេកទេសដោយសហការជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលក្រុង /ស្រុក/ខណ្ឌក្នុងរយៈពេលមួយជាកំណត់។
បច្ចុប្បន្ននេះ ការិយាល័យច្រកចេញ-ចូលតែមួយ ផ្តល់សេវាលើ 17 វិស័យដូចខាងក្រោម៖
- វិស័យទេសចរណ៍
- ស័យវប្បធម៌
- វិស័យពាណិជ្ជកម្ម
- វិស័យសាធារណការ
- វិស័យឧស្សាហកម្ម
- វិស័យសំណង់
- វិស័យកសិកម្ម
- វិស័យសុខាភិបាល
- វិស័យអប់រំ
- វិស័យរ៉ែនិងថាមពល
- វិស័យបរិស្ថាន
- វិស័យការងារ
- វិស័យធម្មការនិងសាសនា
- ការងារអត្រានុកូលដ្ឋាន
- ការងារនីត្យានុកូលកម្ម
- ការងាររដ្ឋបាល
- ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី
បច្ចុប្បន្ននេះ លើវិស័យសុរិយោដី ការិយាល័យច្រកចេញចូលតែមួយ ស្រុក/ក្រុង មានសិទ្ធិត្រឹមតែការផ្តល់សេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរ ឬប្លង់ទន់ប៉ុណ្ណោះ។ ប្រសិនបើ ប្រជាពលរដ្ឋចង់ស្នើសុំចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យលើកដំបូង ឬផ្ទេរកម្មសិទ្ធិអចលនវត្ថុ (ប្លង់រឹង) នោះអ្នកស្នើសុំត្រូវទៅដាក់ពាក្យស្នើសុំអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត។ ដើម្បីដាក់ពាក្យស្នើផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ឬប្លង់ទន់ អ្នកស្នើសុំត្រូវមានឯកសារត្រៀមភ្ជាប់ដូចជា ÷
- ពាក្យស្នើរសុំ
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ចំនួន 01 ច្បាប់
- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ចំនួន 02 ច្បាប់
- ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….) ចំនួន 01 ច្បាប់
- លិខិតទិញ-លក់ ឬប្រទានកម្ម ឬអំណោយ
- ឯកសារប្រវត្តិដី ចំនួន 01 ច្បាប់
- បង្កាន់ដៃបង់ពន្ធប្រថាប់ត្រាផ្ទេរសិទ្ធិកាន់កាប់។