យន្តការច្រកចេញចូលតែមួយ

យន្តការច្រកចេញចូលតែមួយ ឃុំ សង្កាត់

ចំណែករដ្ឋបាលឃុំ សង្កាត់ ផ្អែកតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានតម្រូវឱ្យរដ្ឋបាលឃុំសង្កាត់រៀបចំឱ្យមានយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ហើយអគ្គនាយកដ្ឋានរដ្ឋបាលក៏បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំនេះជូនរដ្ឋបាលរាជធានី ខេត្ត សម្រាប់ធ្វើការផ្សព្វផ្សាយបន្តដល់រដ្ឋបាលឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់បានរៀបចំ និងដាក់ឱ្យអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២២ ដែលមានសេវាសរុបចំនួន២៣។ យន្តការច្រកចេញចូលតែមួយឃុំសង្កាត់នេះ ក៏កំពុងអនុវត្តសាកល្បងការផ្តល់សេវាលើការងារអត្តសញ្ញាណកម្ម រួមមាន ចុះបញ្ជីផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការផ្តល់លិខិតបញ្ជាក់ទីលំនៅ និងលិខិតស្នាក់នៅបណ្តោះអាសន្នបងប្អូនប្រជាពលរដ្ឋ។