ព័ត៌មានលម្អិត

ឯកឧត្តម បួន ហេង អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពដល់ប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: October 30, 2024

ប្រភព: OWSO

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពដល់ប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌចំនួន២០៨គោលដៅ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហន ភក្ដី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី Friederike Burkert ប្រធានកម្មវិធីធ្វើឱ្យប្រសើរឡើងនៃការផ្តល់សេវា(ISD) ព្រមទាំង លោក លោកស្រីប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ព្រមទាំងក្រុមការងារនាយកដ្ឋានមុខងារ និងធនធានសរុបចំនួន ៣១២រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌនៅក្នុងការបំពេញការងាររបស់ខ្លួនពាក់ព័ន្ធនឹងការសម្រុះសម្រួលដោះស្រាយ និងការស៊ើបអង្កេតបណ្តឹងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌសម្រាប់កត់ត្រាបណ្តឹង និងព័ត៌មានផ្សេងៗដែលការិយាល័យប្រជាពលរដ្ឋបានទទួលតាមគ្រប់មធ្យោបាយនានា។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាននាយកដ្ឋានមានប្រសាសន៍រំលឹកឡើងវិញអំពីសាវតា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាក់ស្តែង ការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ គឺជារូបភាពមួយនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានគោលដៅសំខាន់ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចដោះស្រាយសំណើ និងសំណូមពរជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅទីបញ្ចប់នៃពីធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមប្រធាននាយកដ្ឋានក៏មានមតិផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវចូលរួមឱ្យបានពេញលេញក្នុងរយៈពេល២ថ្ងៃនេះ និងយកចិត្តទុកដាក់ស្ដាប់បទបង្ហាញរបស់គ្រូឧទ្ទេស ចូលរួមចែករំលែកបទពិសោធការងារល្អៗនាពេលកន្លងមក និងចោទសួរជាសំណួរ ឬលើកឡើងជាសំណូមពរនានាឱ្យបានផុសផុល ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្តទាំងអស់គ្នា ព្រមទាំងមានមតិបើកវគ្គបណ្តុះបណ្តាលក្រោមបរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។

ព័ត៌មានថ្មីៗ

មតិយោបល់