ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តក្រចេះមានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាពឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានមុខងារ និងធនធាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធាន-អនុប្រធាន មន្ត្រីជួរមុខ-ជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃខេត្តចំនួន០៣ រួមមាន ខេត្តក្រចេះ ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ សរុបចំនួន៦០រូប។
បន្ទាប់ពីឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងមតិស្វាគមន៍ដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលរួចហើយ ឯកឧត្តម បួន ហេង បានមានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលដោយសង្កត់ធ្ងន់ទៅលើកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងគោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ។
ឯកឧត្តម បួន ហេង មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងកម្មវិធីកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ ទាមទារឱ្យលោក លោកស្រីមន្ត្រីផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំពង្រឹង និងពង្រីកសមត្ថភាពថ្មីបន្ថែមទៀតដើម្បីអនុវត្តផែនការនានាដែលបានដាក់ចេញ។
ចុងក្រោយ ឯកឧត្តម បួន ហេង បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានចាត់តាំងមក សូមចូលរួមឱ្យបានសកម្ម និងពេញលេញ ដើម្បីទទួលបានចំណេះដឹងយកទៅអនុវត្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើថែមទៀត។