«កិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ»
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគ.ជ.អ.ប. និងជាប្រធានអនុគណៈកម្មាធិការមុខងារ និងធនធាននៃគ.ជ.អ.ប. ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃនៃ គ.ជ.អ.ប បានដឹកនាំកិច្ចប្រជុំលើកទី១នៃអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគ.ជ.អ.ប ក្នុងគោលបំណង
១). ប្រកាសសមាសភាពថ្មីរបស់អនុគណៈកម្មាធិការមុខងារ និងធនធាន
២). ពិនិត្យ និងពិភាក្សាលើស្ថានភាពនៃការអនុវត្តមុខងារក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្ទេរឱ្យទៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងមុខងារទាំងនេះតាមអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានី ខេត្ត និង
៣). បញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកនៃអនុគណៈកម្មាធិការមុខងារ និងធនធាន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រុងប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលរាជធានី រដ្ឋបាលខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងអ្នកពាក់ព័ន្ថ សរុបប្រមាណ៨០រូប។