ព័ត៌មានលម្អិត

កិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាសមាជិកនៃគណៈកម្មាធិការ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនៃគោលដៅទាំង៥ រួមមាន ខេត្តសៀមរាប កណ្តាល កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះសីហនុ សរុបចំនួន៤៧រូប។

កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីសម្រេចលេខ ៦០២៩ សសរ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្របសម្រួល តម្រង់ទិស និងដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោង។ គណៈកម្មាធិការនេះ មានសមាសភាពចំនួន២៩រូបមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តគោលដៅទាំង៥។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់៣ រួមមាន៖

១.ការបង្ហាញវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារនៃការអនុវត្តគម្រោងរបស់ក្រសួងទាំង៣សមាសភាគ ធៀបទៅនឹងផែនការសកម្មភាពរយៈពេល១៦ខែដំណាក់កាលដំបូងរបស់ខ្លួន។

២.ការបង្ហាញអំពីដំណើរនៃការដោះស្រាយផលប៉ះពាល់ទីតាំងសាងសង់ទីលាន និងផ្លូវចូលទៅកាន់ទីលាននៅខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ និងការផ្តល់អនុលោមភាពលើការកំណត់ទីតាំងទីលានថ្មីនៅខេត្តកណ្តាល
៣.ការពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់អនុសាសន៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោង។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំបានស្នើឱ្យអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងមហាផ្ទៃ និងអង្គភាពអនុវត្តគម្រោងនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន ជំរុញ និងពន្លឿនលើការជ្រើសរើសទីប្រឹក្សា និងនីតិវិធីនៃការធ្វើលទ្ធកម្មដីសម្រាប់សាងសង់ទីលានទុកដាក់សំរាមនៅខេត្តសៀមរាប កំពង់ស្ពឺ និងខេត្តកណ្តាល ព្រមទាំងសកម្មភាពមួយចំនួនទៀតដើម្បីឱ្យការអនុវត្តស្របតាមផែនការសកម្មភាពរបស់គម្រោងដែលបានកំណត់។

 

ព័ត៌មានថ្មីៗ

មតិយោបល់