News Detail

កិច្ចប្រជុំពិភាក្សាអំពីការគាំទ្រ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងចំនួន២៧គោលដៅ

Published Date: November 5, 2024

Resource: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពីការគាំទ្រ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិតនៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងចំនួន២៧គោលដៅ នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីឯកឧត្តម ថាប់ ថារឿន ប្រធានក្រុមការងារហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស ព្រមទាំងមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងចំនួន២៧គោលដៅ សរុបប្រមាណ៧០រូប។

ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងផ្តល់ការគាំទ្រលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិតក្នុងអគារការិយាល័យច្រកចេញចូលតែមួយ និងបណ្តាញអ៉ីនធឺណិតល្បើនលឿន ព្រមទាំងបំពាក់ឧបករណ៍បរិក្ខា បច្ចេកទេសជូនរដ្ឋបាលក្រុងចំនួន២៧គោលដៅរួមមាន៖ ក្រុងតាខ្មៅ ក្រុងស្វាយរៀង ក្រុងបាវិត ក្រុងព្រៃវែង ក្រុងដូនកែវ ក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ក្រុងខេមរភូមិន្ទ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ក្រុងប៉ៃលិន ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ក្រុងសំរោង ក្រុងព្រះវិហារ ក្រុងសៀមរាប ក្រុងស្ទឹងសែន ក្រុងកំពង់ឆ្នាំង ក្រុងច្បារមន ក្រុងស្ទឹងត្រែង ក្រុងបានលុង ក្រុងសែនមនោរម្យ ក្រុងកំពង់ចាម ក្រុងសួង ក្រុងក្រចេះ និងក្រុងបូកគោ។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៉ីនធឺណិតល្បើនលឿននៅក្នុងអគារការិយាល័យច្រកចេញចូលតែមួយ គឺជំហានថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃសហការជាមួយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ក្នុងការគាំទ្រដល់រដ្ឋបាលក្នុងគោលដៅក្នុងការបង្កើនគុណភាពការងារ ពិសេសជម្រុញការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាព រហ័ស និងឆ្លើយតបទាន់ពេលវេលា និងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមការវិវត្តន៍នៃយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន។

 

Recently News