News Detail
កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
Published Date: July 16, 2024
Resource: OWSO
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមការដឹកនាំពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីនាយករដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ តំណាងក្រុមហ៊ុន KESS Innovation PLC និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន១២០រូប។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់៖
ទី១. ពិនិត្យមើលអំពីវឌ្ឍនភាពនៃការដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និង
ទី២. ពិភាក្សាលើបញ្ហាប្រឈមដែលរដ្ឋបាលរាជធានី ខេត្ត បានជួបប្រទះនាពេលកន្លងមក ដើម្បីដាក់ចេញជាដំណោះស្រាយ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ដ។
សូមបញ្ជាក់ជូនថា នាពេលកន្លងមក ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រង និងការផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត អោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការវិវត្តន៍ផ្លាស់ប្តូរថ្មីនៃបច្ចេកវិទ្យានៅក្នុងសង្គម អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានមុខងារ និងធនធានជាសេនាធិការលើកិច្ចការនេះ បានដាក់ចេញ និងអនុវត្តនូវសកម្មភាពគន្លឹះសំខាន់ៗចំនួន០៤ រួមមាន៖
១. បានរៀបចំ និងការដាក់ឱ្យដំណើរការកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលកម្មវិធីនេះមានលក្ខណៈទំនើបសម្រាប់គ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអនឡាញ និងមានលទ្ធភាពក្នុងការទាញយករបាយការណ៍នៃការផ្ដល់សេវារដ្ឋបាលនៅតាមបណ្ដារដ្ឋបាលរាជធានី ខេត្ត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
២. បានអភិវឌ្ឍកម្មវិធីទូរសព្ទដៃ (Mobile App) ដែលមានឈ្មោះថា យន្តការច្រកចេញចូលតែមួយ (OWSM CAMBODIA)។ កម្មវិធីទូរសព្ទដៃនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចពិនិត្យមើលព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវារដ្ឋបាល ដែលកំពុងអនុវត្តតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយប្រជាពលរដ្ឋក៏អាចពិនិត្យមើល និងតាមដានចរន្តការឯកសារស្នើសុំសេវា ដែលពួកគាត់បានដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយ ឬការិយាល័យច្រកចេញចូលតែមួយដោយខ្លួនឯង និងមិនចាំបាច់ធ្វើការសាកសួរមន្ត្រីទទួលបន្ទុកឡើយ។
៣. បានសហការជាមួយក្រុមហ៊ុន KESS INNOVATION PLC រៀបចំឱ្យមានប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ ដែលប្រព័ន្ធនេះត្រូវបានដាក់ឱ្យអនុវត្តសាកល្បងជាដំណាក់កាលៗនៅរដ្ឋបាលរាជធានី ខេត្តគោលដៅចាប់ពីឆ្នាំ២០២០ រហូតដល់ការប្រកាសអនុវត្តជាផ្លូវការ នៅគ្រប់រដ្ឋបាលរាជធានី ខេត្ត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
៤. បានដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្តចំនួន១២គោលដៅលើប្រភេទសេវាចំនួន១១៧ ក្នុងវិស័យចំនួន៤ រួមមាន៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។