ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រធានគ្រប់គ្រងគម្រោង និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅសាលប្រជុំសាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង (TSU) នៃខេត្តគោលដៅទាំង៥ រួមមានខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះសីហនុ សរុបប្រមាណ៣៧រូប។
កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញរបស់ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
១. រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង
២. វឌ្ឍនភាពនៃការអនុវត្តគម្រោង សមាសភាគទី២ នៃក្រសួងមហាផ្ទៃ
៣. ដំណើរការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
៤. ប្រព័ន្ធរបាយការណ៍របស់ក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង និង
៥. ការប្រើប្រាស់ថវិកាចំណាយប្រតិបត្តិការរបស់ក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រធានគ្រប់គ្រងគម្រោងបានផ្តល់អនុសាសន៍ណែនាំចំនួន៥ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងដល់ក្រុមការងារបច្ចេកទេសនៃខេត្តទាំង៥ ដូចក្រោម៖
១. អភិបាលក្រុង ស្រុក ត្រូវរៀបចំទីកន្លែងបំពេញការងារដល់ក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង និងរៀបចំបញ្ជីសម្ភារឱ្យបានច្បាស់លាស់
២. អភិបាលរងខេត្តដែលជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត ត្រូវដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រចាំខែ និងត្រូវចាត់តាំងមន្ត្រីដែលរៀបចំរបាយការណ៍ប្រចាំខែផងដែរ
៣. ត្រូវរៀបចំផែនការសកម្មភាពឱ្យបន្ស៉ីគ្នាជាមួយផែនការសកម្មភាពរបស់គម្រោង
៤. ត្រូវសហការឱ្យបានល្អជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់នៃគម្រោង ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងងក្រសួង ស្ថាប័នពាក់ព័ន្ធ និង
៥. រដ្ឋបាលខេត្តគោលដៅនីមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការសម្រុះសម្រួល និងដោះស្រាយរាល់បណ្តឹងដែលកើតមាន ក្នុងកំឡុងពេលនៃការអនុត្តគម្រោងនេះឱ្យបានឆាប់រហ័ស ចៀសវាងការអូសបន្លាយបញ្ហាណាមួយដែលបានកើតឡើង។