News Detail
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
Published Date: January 17, 2025
Resource: OWSO
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី លោកនាយករដ្ឋបាលស្តីទី លោក លោកស្រីអភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ/ISD)។
គោលបំណងនៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះដើម្បីប្រមូលធាតុចូលបន្ថែមពីអ្នកអនុវត្តផ្ទាល់នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការរៀបចំផែនការទំនាក់ទំនងផ្សព្វ ផ្សាយព័ត៌មានរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យការរៀបចំឯកសារស្ដីពីផែនការទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របទៅនឹងស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែលថា ក្នុងការរៀបចំសេចក្តីព្រាងផែនការទំនាកទំនងផ្សព្វផ្សាយព័ត៌មាននេះ ទីប្រឹក្សា និងក្រុមការងាររបស់នាយកដ្ឋានមុខងារ និងធនធានបានចុះទៅសិក្សា និងប្រមូលធាតុចូលនៅរដ្ឋបាលក្រុង ស្រុកចំនួន១២ ក្នុងខេត្តគោលដៅចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកៀនស្វាយ នៃខេត្តកណ្តាល ក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកបាណន់ និងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ក្រុងសៀមរាប ស្រុកពួក ស្រុកសូទ្រនិគម និងស្រុកជីក្រែង នៃខេត្តសៀមរាប។