ព័ត៌មានលម្អិត

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: December 16, 2024

ប្រភព: OWSO

រាជជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។

ពិធីនេះមានការរអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា តំណាងធនាគារពិភពលោក ដៃគូអភិវឌ្ឍ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុង ស្រុកនៃខេត្តគោលដៅរបសគម្រោងទាំង០៥គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ រួមទាំង ក្រុមហ៊ុនឯកជនពាក់ព័ន្ធនានា សរុបប្រមាណ១៥០រូប។

ថ្លែងក្នុងកម្មវិធីបិទសិក្ខាសាលានារសៀលនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងអង្គការ និងក្រុមហ៊ុនដៃគូ ដែលបានផ្តល់កិច្ចសហការបានយ៉ាងជិតស្និទ្ធ និងបានខិតខំអនុវត្តសកម្មភាពសំខាន់ៗរបស់គម្រោង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលជាង១ឆ្នាំមកនេះ។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តគម្រោងមានប្រសិទ្ធភាព មានដូចខាងក្រោម៖

– ស្នើក្រសួង ស្ថាប័ន នៃសមាសភាគនីមួយៗ បង្កើនពន្លឿននៃការជ្រើសរើសកញ្ចប់សេវាកម្មទីប្រឹក្សាបច្ចេកទេសឱ្យបានឆាប់

– ស្នើក្រុមហ៊ុនដែលទទួលអនុវត្តកិច្ចសន្យាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងប្រើប្រាស់ទីលានចាក់សំរាមបច្ចុប្បន្នក្នុងក្រុង ស្រុកគោលដៅនៃការអនុវត្តគម្រោង ត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់លើការអនុវត្តវិធានការបណ្តោះអាសន្ន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម

– ស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក គោលដៅ ត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ន តាមរយៈការគ្រប់គ្រងទិន្នន័យសំរាមឱ្យបានច្បាស់លាស់ ពង្រឹងសមត្ថភាពមន្ត្រី ការតាមដានលើការអនុវត្តកិច្ចសន្យាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋលើការទុកដាក់សំរាម និង

– ស្នើក្រសួងអប់រំ យុវជន និងកីឡា បញ្ជ្រាបការអប់រំអំពីការទុកដាក់សំរាមនៅតាមសាលារៀនតាំងពីកម្រិតមតេយ្យសិក្សាដើម្បីបណ្តុះគំនិតកុមារ សិស្ស និស្សិត និងយុវជនជំនាន់ថ្មីឱ្យមានការយល់ដឹងអំពីការទុកដាក់សំរាម និងស្រឡាញ់បរិស្ថាន។

 

  

ព័ត៌មានថ្មីៗ

មតិយោបល់