ព័ត៌មានលម្អិត

សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: December 16, 2024

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង សមាសភាគ២ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុង ស្រុកនៃខេត្តគោលដៅចំនួន០៥គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ រួមទាំង តំណាងធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធនានា សរុបប្រមាណ១៥០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពី៖
១). វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តសម្រាប់ការអនុវត្តគម្រោង

២). នីតិវិធីនៃការក្នុងការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និង

៣). ការចែករំលែកបទពិសោធល្អៗ អំពីវិធានការដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គម នាអំឡុងពេលទីលានចាក់សំរាមថ្មីមិនទាន់បានសាងសង់រួចរាល់។

សូមបញ្ជាក់ថា គម្រោងធ្វើធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ត្រូវបានអនុវត្តជាធរមានកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដែលមានទឹកប្រាក់សរុបចំនួន ៦៧.៣លានដុល្លារអាមេរិក។ គម្រោងនេះជាការសហការអនុវត្តរួមគ្នារវាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៥ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ ក្នុងនោះរដ្ឋបាលខេត្តគោលដៅចំនួន៣ ក្នុងចំណោមខេត្តគោលដៅចំនួន៥ខាងលើ រួមមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នឹងទទួលបានការសាងសង់ទីលានចាក់សំរាមស្តង់ដាអនាម័យ។

ឯកឧត្តម អ៊ុំ ម៉ារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលគម្រោង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន(២០២០-២០៣០) ដើម្បីធានាថា ចាប់ពីឆ្នាំ២០៣០ខាងមុខ សំរាម សំណល់រឹងទីប្រជុំជនគ្រប់ប្រភេទនឹងត្រូវបានញែក វេចខ្ចប់ ទុកដាក់ សំអាត ប្រមូល ដឹកជញ្ជូន ប្រើប្រាស់និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យ និងសុវត្ថិភាពបរិស្ថាន។

 

ព័ត៌មានថ្មីៗ

មតិយោបល់