ទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមបេសកកម្មធនាគារពិភពលោកបានជួបប្រជុំទ្វេភាគីជាមួយអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករង និងជាប្រធានគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា រួមទាំងសមាជិក សមាជិកា នៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ និងតំណាងធនាគារពិភពលោក សរុបប្រមាណ ២០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងមានគោលបំណង ពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ដែលបាន និងកំពុងអនុវត្ត ក៏ដូចជាផ្តល់ជូននូវដំណោះស្រាយចំពោះបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរ ក្រុមបេសកកម្មធនាគារពិភពលោក ដឹកនាំលោកស្រី Katelijn Van den Berg ប្រធានក្រុមបេសកកម្មធនាគារពិភពលោក និងក្រុមការងារបច្ចេកទេសនៃគម្រោង នឹងចុះបំពេញបេសកកម្មដើម្បីគាំទ្រការអនុវត្តគម្រោងនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ ក្នុងការចុះបេសកកម្មនេះ ក្រុមបេសកកម្មធនាគារពិភពលោកក៏នឹងមានការជួបពិភាក្សាជាមួយអង្គភាពអនុវត្តគម្រោង ដែលរួមមាន ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។