ព័ត៌មានលម្អិត

កិច្ចប្រជុំលើកដំបូងនៃគម្រោងហិរញ្ញប្បទានជំនួយបច្ចេកទេសស្តីពី ការគាំទ្រការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: April 3, 2025

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំលើកដំបូងនៃគម្រោងហិរញ្ញប្បទានជំនួយបច្ចេកទេសស្តីពី ការគាំទ្រការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក-លោកស្រីអ្នកជំនាញការជាតិ និងអន្តរជាតិ លោក-លោកស្រីមន្ត្រីជំនាញនៃភាគីពាក់ព័ន្ធពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមហ៊ុន PricewaterhouseCoopers (PwC)។
កិច្ចប្រជុំមានគោលបំណងពិភាក្សាលើសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តជំនួយបច្ចេកទេសដែលមានគោលបំណងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្ដោតជាសំខាន់លើការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍបន្ថែម ពង្រឹង និងពង្រីកការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យកាន់តែមានដំណើរការល្អប្រសើរ៕

ព័ត៌មានថ្មីៗ

មតិយោបល់