News Detail

បេសកកម្មក្រុមការងារធនាគារពិភពលោកគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

Published Date: December 3, 2024

Resource: OWSO

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំខេត្តតាកែវនៃទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រី Katelijn Van den Berg ប្រធានក្រុមបេសកកម្មធនាគារពិភពលោក ថ្នាក់ដឹកនាំអង្គភាពអនុវត្តគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពអនុវត្តគម្រោងនៃក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. ពិនិត្យមើលវឌ្ឍនភាព និងសកម្មភាពដែលបានអនុវត្តធៀបទៅនឹងរបាយការណ៍បេសកកម្មកន្លងទៅ
២. ស្ថានភាពនៃការដោះស្រាយផលប៉ះពាល់ផ្លូវចូលទៅកាន់ទីលាន ដីសម្រាប់ការសាងសង់ទីលាន និងការររៀបចំផែនការលម្អិតលើការដោះស្រាយផលប៉ះពាល់សម្រាប់ខេត្តសៀមរាប និងខេត្តកណ្ដាល
៣. ការរៀបចំយន្តការដោះស្រាយបណ្ដឹងតវ៉ា និងសំណើសំណូមពរ
៤. វឌ្ឍនភាពលើការងារលទ្ធកម្មផ្នែកជ្រើសរើសទីប្រឹក្សា
៥. កិច្ចលទ្ធកម្មផ្សេងទៀត។
សូមជម្រាបថា គម្រោងនេះបានអនុវត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងខេត្តគោលដៅចំនួន៥រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកណ្តាល ដោយផ្ដល់ការគាំទ្រពង្រឹងសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុកគោលដៅក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងផ្ដល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងការរៀបចំការសាងសង់ទីលានទុកដាក់សំរាមអោយមានលក្ខណៈស្ដង់ដារអនាម័យ។

Recently News